ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក ប្រកាសដាក់ឱ្យដំណើរការសេវាទូទាត់ប្រាក់ឆ្លងប្រទេស Viet QR ដែលអតិថិជននៅប្រទេសកម្ពុជាអាចធ្វើការទូទាត់ប្រាក់នៅក្នុងប្រទេសវៀតណាមបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់ តាមរយៈកម្មវិធីធនាគារចល័ត iBank KH។ មុខងារថ្មីនេះ អនុញ្ញាតឱ្យអតិថិជនធនាគារ អាយប៊ែង ទូទាត់ថ្លៃទំនិញ និងសេវាកម្មជាប្រាក់រៀលនៅក្នុងប្រទេសវៀតណាម ដោយគ្រាន់តែស្កេន Viet QR នៅតាមបណ្ដាហាងទំនិញនានា ដែលជាដៃគូសហការនៅទូទាំងប្រទេសវៀតណាម។

ប្រព័ន្ធទូទាត់តាមឃ្យូអរកូតឆ្លងដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២៣ ផ្តួចផ្តើមដោយ ធនាគារជាតិ នៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ (ប្រាក់រៀល) ឱ្យកាន់តែទូលំទូលាយ និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក ហុង សុខឡេង អគ្គនាយក នៃ ធនាគារ អាយប៊ែង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការធ្វើសមាហរណកម្មប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការតភ្ជាប់ប្រព័ន្ធធនាគារឌីជីថលរបស់យើងជាមួយប្រព័ន្ធទូទាត់ប្រាក់ឆ្លងប្រទេស Viet QR ។ អតិថិជនអាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ពីគណនីប្រាក់រៀល និងទូទាត់ទៅជាវៀតណាមដុងភ្លាមៗ ជាមួយអត្រាប្តូរប្រាក់តាមទីផ្សារ ដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូរសព្ទ iBank KH ដោយគ្រាន់តែចុចលើមុខងារ ស្កេនឃ្យូអរ (QR) ហើយធ្វើការស្កេន វៀត ឃ្យូអរកូត (Viet QR) របស់អាជីវករវៀតណាម។”
អតិថិជនធនាគារ អាយប៊ែង អាចប្រើប្រាស់មុខងារថ្មីនេះនៅលើកម្មវិធីទូរសព្ទ iBank KH ដោយគ្រាន់តែធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធ iOS ឫ Android ឬសម្រាប់អតិថិជនថ្មី លោកអ្នកគ្រាន់តែទាញយកកម្មវិធីធនាគារចល័ត iBank KH [link download]។